កាលពីព្រេងនាយមានរឿងដំណាលអំពីសត្វទន្សាយនិងសត្វអណ្តើក ដែលជាមិត្តភ័ក្តនឹងគ្នា។ ពួកគេតែងតែនិយាយគ្នាលេងពីនេះពីនោះ ជារៀងរាល់ថ្ងៃ។ មានថ្ងៃមួយសត្វទន្សាយ ក៏មានគំនិតចង់បបួលសត្វអណ្តើកដែលជាមិត្តរបស់ខ្លួនរត់ប្រណាំងគ្នាលេង សត្វអណ្តើក ក៏យល់ព្រមតាមសំណើររបស់សត្វទន្សាយ ដែលជាមិត្តរបស់ខ្លួន។
ថ្ងៃប្រកួតបានមកដល់ សត្វទាំង២ក៏ចាប់ផ្តើមរត់ទៅកាន់គោលដៅរបស់ខ្លួន លុះរត់បានពាក់កណ្តាលផ្លូវ ដោយសារតែសត្វទន្សាយ រត់លឿនជាង គេរត់បានពាក់កណ្តាលផ្លូវហើយ ក៏មិនឃើញស្រមោលរបស់អណ្តើកនៅឡើយ ដោយការមើលងាយដៃគូរប្រកួត សត្វទន្សាយក៏ដេកសម្រាកក្រោមដើមឈើធំមួយ យ៉ាងរំភើយ ហើយភ្លេចខ្លួនក៏ងក់បាត់ទៅ។
មួយសន្ទុះក្រោយមកក៏បានលឺសូរសម្លេងហ៊ោកញ្ជ្រៀវ ទន្សាយក៏ភ្ញាក់ខ្លួនព្រឺត ហើយក៏ឃើញសត្វអណ្តើករត់ជិតដល់ទីទៅហើយ ពេលនោះខ្លួនក៏ខំប្រឹងរត់ទៅតាម តែយ៉ាងណាក៏ទៅមិនទាន់ព្រោះហួសពេលទៅហើយ។ នៅទីបំផុតសត្វអណ្តើកក៏រត់ដល់ទីមុន និងទទួលបានជ័យជំនះ។ (សូមរៀបរាប់ដោយសង្ខេប បើខ្វះចន្លោះ លើសលោះត្រង់ណា សូមអធ្យាស្រ័យ)
គំនិតពិចារណា
សត្វអណ្តើកជាសត្វដែលយឺត តែជាសត្វដែលតំណាងអោយភាពតស៊ូ ស្វិតស្វាញ មិនបោះបង់គោលដៅ។ ទៅមុខតិចៗ ប៉ុន្តែមិនឈប់ពាក់កណ្តាលផ្លូវ ក៏មិនសម្រាក ទោះបីជាយឺតឬលឿន តែសត្វអណ្តើក ទៅមុខជានិច្ច។
សត្វទន្សាយ ជាសត្វតំណាងអោយភាពវៃឆ្លាត ពូកែ ហើយលឿន ប៉ុន្តែដោយសារតែការមើលងាយគូរប្រកួត មិនទាន់ដល់គោលដៅក៏សម្រាក ព្រោះរវល់តែគិតថា សត្វអណ្តើកយឺតណាស់ យ៉ាងណាក៏មិនអាចឈ្នះខ្លួនបានដែរ ទីបំផុតក៏បរាជ័យ។
តើថ្ងៃនេះអ្នកចង់ធ្វើជាសត្វអណ្តើក ឬជាសត្វទន្សាយ?
No comments:
Post a Comment