ដំនើររឿង
កាល នោះ មាន ស្រី ម្នាក់ តាំង ទីលំនៅៗ ក្នុង ភូមិ សួន ចំការ ផ្ទះ នោះ នៅ ដាច់ ពី គេ នាង នោះ មាន កូន ខ្ចី អាយុ ប្រហែល ៨-៩ ខែ។ តាំង ពី ប្ដី ស្លាប់ ទៅ នាង នោះ ក៏ មេម៉ាយ នៅ តែ ជាមួយ នឹង បងប្អូន ឯ កូន ខ្ចី នោះ ពុំ សូវ ជា ជួន កើត រោគ គ្រុន ស្កន់ ជាន់ ម្ដងៗ កើត រីងរៃ ស្គម លឿង ។ លុះ នៅ យូរ បន្តិច មក មានម នុស្ស ម្នាក់ ដឹង ថា នាង មេម៉ាយ នោះ មាន សម្បត្តិ ច្រើន ទើប វា ស្វែង រក មើល ចន្លោះ ឱកាស នឹង ទៅ បញ្ឆោត កុហក បោក ប្រាស នាង មេម៉ាយ នោះ។ លុះ ដល់ រដូវ កាល គេ ច្រូត កាត់ ទើប បង ប្អូន ញាតិ ដែល នៅ ជា មួយ ផង នោះ គេ នាំ គ្នា ទៅ ច្រូត ស្រូវ ទាំង អស់ គ្នា នៅ តែ នាង មេម៉ាយ តែ ម្នាក់ នៅ ចាំ ផ្ទះ។ មនុស្ស ពាល នោះ កាល ណា បាន ឱកាស ហើយ វា ក៏ កោរ ក្បាល ហើយ លួច យក ស្បង ចីពរ លោក សង្ឃ ដែល គេ គរ ចោល តាម គល់ ពោធិ មក ស្លៀក ពាក់ ធ្វើ អាការ កិរិយា ជា លោក សង្ឃ ដើរ ត្រង់ ទៅ ផ្ទះ នាង មេម៉ាយ នោះ ។
លុះ ដល់ ហើយ វា ធ្វើ ជា ដើរ ឈរ រេរា នៅ មុខ ផ្ទះ ឯ នាង មេម៉ាយ នោះ អង្គុយ នៅ រាន ហាល ឲ្យ កូន បៅ ដោះ លុះ បាន ឃើញ អ្នក ក្លែង ភេទ នោះ ហើយ ក៏ នឹក ថា លោក សង្ឃ បរិសុទ្ធ ទើប បី កូន ចុះ ទៅ ថ្វាយ បង្គំ សួរ ថា “ព្រះ ករុណា ម្ចាស់ និមន្ត មក ពី វត្ត ណា ត្រូ ការ រក អ្វី ព្រះគុណ ?”។ ចៅ ពាល ក៏ ឆ្លើយ ថា “ចម្រើន ពរ អាត្មា ភាព មក ពី វត្ត ក្រោម មក រក បិណ្ឌ បាត ទៀន ធូប យក ទៅ រៀន សមណ ធម៌ ។ ញោម! អ្នក ភូមិ នេះ គេ ទៅ ណា អស់ ហើយ បាន ជា ស្ងាត់ ម្ល៉េះ ? “ករុណា ម្ចាស់ គេ ទៅ ច្រូត ស្រូវ ឯ ស្រែ អស់ ហើយ លោក ម្ចាស់” ។ “ដូច្នេះ ញោម ចុះ ញោម ឯង មិន ទៅ ច្រូត ស្រូវ នឹង គេ ទេ ?” “ឱ ករុណា ម្ចាស់ ខ្ញុំ ម្ចាស់ នេះ ទៅ ច្រូត កាត់ និង គេ ឯ ណា បាន កូន តូច នេះ វា ចេះ តែ ឈឺ មិន ឈប់ សោះ ឡើយ ចេះ តែ យំ ដាក់ ពី ដៃ មិន រួច សោះ ព្រះ ករុណា ម្ចាស់” ។ “ចម្រើន ពរ ចុះ វា ឈឺ យ៉ាង ណា កូន ញោម នោះ ?” “ករុណា ម្ចាស់ អាការ ជម្ងឺ នោះ កំណត់ មិន បាន ជួន កាល វា គ្រុន ក្ដៅ ក្រហាយ ទៅ ជួន ណា វា កើត ជា ស្កន់ ជាន់ គ្រប បាត់ ដង្ហើម ទៅ ម្ដងៗ ក៏ មាន ករុណា ម្ចាស់” ។ “ឱ! អាណិត វា ពេក ណាស់ ញោម។ ជម្ងឺ នេះ គេ ហៅ ថា ស្កន់ ខ្លា វា ជាន់ ណា ញោម ម្ដេច មិន រក គ្រូ ពេទ្យ ឲ្យ គេ មើល គ្នា ទៅ បណ្ដោយ ឲ្យ ឈឺ យ៉ាង នេះ ជម្ងឺ នេះ មិន មែន ជា ក្រ ទេ ល្មម រក្សា បាន។ កូន បង អាត្មា ភាព ម្នាក់ វា ឈឺ យ៉ាង ហ្នឹង ដែរ អាត្មា មើល ជា ទៅ ឥឡូវ ធាត់ ទ្រលុកៗញោម ឱ! ស្ដាយ កូន ញោម នេះ ពេក ណាស់ ប្រុស ផង គួរ តែ ខំ មើល រក្សា ទៅ អេះ” ។ “ករុណា ម្ចាស់ គ្រូ នោះ បាន ឲ្យ គេ មើល ក៏ ច្រើន អ្នក ណាស់ មក ហើយ តែ បាន គ្រាន់ តែ ២-៣ ថ្ងៃ ក៏ ត្រឡប់ ឈឺ ដូច ដើម វិញ ករុណា ម្ចាស់” ។ “ឱ! គ្រូ មើល ជម្ងឺ កូន ក្មេង នោះ គ្រាន់ តែ ស្ដោះ ផ្លុំ តែ ពី ក្រៅ ធ្វើ ម្ដេច នឹង ជា ដាច់ រោគ ស្កន់ ខ្លា នេះ បាន តោម មើល ដោយ ឧបទេស ទើប ជា ដាច់ ញោម អាត្មា ចេះ ខ្លះ ដែរ តែ អាត្មា ដែល មក នេះ ដោយ មាន កិច្ច រក ទៀន ធូប បាន ហើយ ក៏ នឹង អាល ទៅ រៀន សមណ ធម៌ បើ នៅ ជិត វត្ត អាត្មា នឹង ជួយ សង្គ្រោះ មើល យក បុណ្យ ខ្លះ” ។
ឯ នាង មេម៉ាយ នោះ លុះ ឮ ចៅ ពាល ពោល ពាក្យ ដូច្នោះ ហើយ ក៏ សម្គាល់ ថា ជា លោក អ្នក ចេះ មើល ជម្ងឺ មែន ទែន ទើប និយាយ អង្វរ ថា “ព្រះ ករុណា ម្ចាស់ បើ លោក ម្ចាស់ ចេះ សូម មេត្ត ប្រោស សត្វ មើល កូន ខ្ញុំ ករុណា សិន ឯ ត្រង់ ទៀន ធូប ដែល លោក ម្ចាស់ ត្រូវ ការ នោះ មិន ជា ប៉ុន្មាន ទេ ខ្ញុំ ព្រះ ករុណា ថ្វាយ ខ្លួន ជា ញោម ឧបដ្ឋាក បវរណា លោក ម្ចាស់ សូម កុំ ឲ្យ លោក ម្ចាស់ ព្រួយ ព្រះ ហឫទ័យ ឡើយ” ។ ឯ ចៅ ពាល នោះ បាន ឪកាស ហើយ ក៏ ឆ្លើយ ថា “ចម្រើន ពរញោម ធ្វើ ម្ដេច ឯង ជា សង្ឃ កំពង់ សត្វ កាល បើ ឃើញ ញាតិញោម កើត វិបត្តិ តោង កាត់ ធុរៈ ខ្លួន សិន ចុះ ថា ហើយ ក៏ ឡើង ទៅ លើ ផ្ទះ ។ ឯ នាង មេម៉ាយ ក៏ រៀប ទី អាសនៈ ដ៏ សមគួរ ឲ្យ ចៅ ពាល អង្គុយ ហើយ ក៏ បៀក ស្លា មូរ បារី ដាក់ ពាន ប្រគេន ចៅ ពាល ៗ បង្កាប់ ឲ្យ នាង មេម៉ាយ រៀប ទៀន ៥ ធូប ៥ ឆ្នាំង ថ្មី មួយ នឹង សំពត់ស ១ ចង្អាម ទាញ យន្ដ បិទ មាត់ ឆ្នាំង ហើយ ចៅ ពាល ថា “ញោម, ទី ភូមិ នេះ មាន ត្បាល់ ក្ដឿង ដែរ ឬ ទេ ?” “ករុណា ម្ចាស់, ត្បាល់ ក្ដឿង ខ្ញុំ ករុណា មាន នៅ ខាង កន្សៃ ផ្ទះ ឯ នោះ” ។ “អើ ញោម បើ ដូច្នេះ ញោម យក កូន នឹង គ្រឿង ទៀនធូប អស់ នេះ ទៅ ឯ រោង ក្ដឿង អាត្មា នឹង រៀប ពិធី ក្ដឿង” ។
នាង មេម៉ាយ ក៏ បី កូន កាន់ យក ទៀន ធូប អស់ នេះ ទៅ ឯ រោង ក្ដឿង ហើយ ចៅ ពាល យក ទៀន ធូប អុជ តាំង ពិធី នៅ មាត់ ត្បាល់ ហើយ វា បោស ទី នោះ ស្អាត ល្អ ពុំ ឲ្យ មាន ឈើ ព្រៃ នៅ ខាង ត្បាល់ ទើប វា ហៅ យក កូន ខ្ចី នោះ មក តាំង ខាង នា ទី ពិធី ហើយ វា ថា ញោម ឯង ទៅ ជាន់ ក្ដឿង ឲ្យ វា ឡើង ជាន់ ជន្លៗ បាន ៣ ដង ជា ឧបកិច្ច អាត្មា នឹង សែក ព្រះ គាថា ស្រូប យក ព្រលឹង ខ្លា ចេញ ពី រូប កូន បញ្ជូន ដាក់ ក្នុង ឆ្នាំង យន្ដ ហើយ យក ទៅ បណ្ដែត ទឹក ចោល ដើម្បី កុំ ឲ្យ ព្រលឹង ខ្លា វា មក បៀតបៀន បាន ទៀត ឡើយ ឯ នាង មេម៉ាយ ក៏ ជឿ តាម ទើប ទៅ ជាន់ ចុង ក្ដឿង ឡើង ឯ ចៅ ពាល វា យក កូន នោះ ដាក់ នទៅ ក្នុង ត្បាល់ ហើយ វា ដក ឈើ ទ្រនល់ ដែល ទល់ ក្ដឿង នោះ បោះ គ្រវែង ចោល ទៅ ឆ្ងាយ អំពី ត្បាល់ ហើយ វា ចេញ ពី ទី ពិធី នោះ ប្រាប់ ថា ញោម ប្រុង ជាន់ ឲ្យ ជាប់ កុំ ឲ្យ ប្រហែស ក្រែង របូត ជើង ធ្លាក់ ទៅ ត្រូវ កូន ចាំ អាត្មា ទៅ យក ថង់ យាម ឆាន់ ស្លា មួយ រំពេច សូម មក ទល់ ឲ្យ វិញ ថា ហើយ ចៅ ពាល ក៏ ឡើង ទៅ លើ ផ្ទះ តាំង រើ រក របស់ ទ្រព្យ មាស ប្រាក់ កែវកង សំពត់ អាវ ស្បៃ ហើយ វា វេច ជា សំពាយ ធំ តាំង ស្ពាយ ពី លើ ផ្ទះ រត់ ទៅ កាន់ លំនៅ វា ហោង ។
ឯ នាង មេម៉ាយ ឃើញ ចៅ ពាល ជញ្ជូន យក ទ្រព្យ សម្បត្តិ ខ្លួន ដូច្នោះ ហើយ ក៏ ហៅ ឲ្យ គេ ជួយ ក៏ ពុំ មាន អ្នក ណា មួយ ឮ ឡើយ ព្រោះ ផ្ទះ នោះ នៅ ដាច់ អំពី គេ ម្លោះ ហើយ នាង មេម៉ាយ ក៏ អន្ទះ អន្ទែង នៅ ចុង ក្ដឿង នោះ ឯង បើ នឹង លែង ក្ដឿង វេញ ទៅ ខ្លាច ធ្លាក់ ទៅ ត្រូវ កូន ដោយ ចិត្ត មាតា តែង ទន់ ទោរ ចុះ ទៅ កាន់ កូន អាត្មា ជា ធម្មតា ការ ដែល សោកស្ដាយ ទ្រព្យ សម្បត្តិ ក្រៅ គឺ ជា មធ្យម ឯ សេចក្ដី ដែល លោក អាណិត កូន នោះ លើស លែង សម្បត្តិ ខាង ក្រៅ នាង មេម៉ាយ ក៏ នៅ ច្រងាង ដូច បុគ្គល គេ ចង ភ្ជាប់ រេ តែ ខ្លួន ក៏ ពុំ រួច លុះ ដល់ ល្ងាច ទើប មាន គេ ដើរ មក ទើប ឲ្យ គេ ទល់ ចន្ទល់ ក្ដឿង
យក កូន បាន ។ អាសូរ នាង មេម៉ាយ កាយ ជាប់ ក្ដឿង ព្រោះ អាចោរ សំពត់ លឿង វា បញ្ឆោត សែន ក្ដួល សែន ក្ដៅ សែន ក្រែវក្រោធ នឹង លោត ទៅ តាម ចាប់ អា ចោរ ។ ក្រែង ក្ដឿង ត្រូវ កូន សូន្យ ជីវិត ដោយ ចិត្ត មាតា តែង ទន់ទោរ តែ មាន អារម្មណ៍ ឲ្យ ខឹង ឃោរ នឹង ចោល បង់ កូន នៅ ពុំ មាន ។
យក កូន បាន ។ អាសូរ នាង មេម៉ាយ កាយ ជាប់ ក្ដឿង ព្រោះ អាចោរ សំពត់ លឿង វា បញ្ឆោត សែន ក្ដួល សែន ក្ដៅ សែន ក្រែវក្រោធ នឹង លោត ទៅ តាម ចាប់ អា ចោរ ។ ក្រែង ក្ដឿង ត្រូវ កូន សូន្យ ជីវិត ដោយ ចិត្ត មាតា តែង ទន់ទោរ តែ មាន អារម្មណ៍ ឲ្យ ខឹង ឃោរ នឹង ចោល បង់ កូន នៅ ពុំ មាន ។
No comments:
Post a Comment