Wednesday, May 2, 2018

រឿងគ្រូ និង សិស្ស

ដំនើររឿង
មាន ភិក្ខុ មួយ អង្គ គង់ នៅ វត្ត មាន កូន សិស្ស តែ ម្នាក់ ឈ្មោះ អា ផ្លូញ ។ អា ផ្លូញ ខិល ណាស់ គ្រូ ល្ងង់ ណាស់ ឆោត ច្រើន គ្មាន ឧបាសក ណា រាប់ អាន យក ចង្ហាន់ ស្លា បារី ទៅ ប្រគេន ឬ និមន្ដ ឆាន់ ផ្ទះ ដល់ ម្ដង ឡើយ លោក នោះ ក្រ លំបាក ពន់ ពេក តែ លោក មាន ដំរី មួយ ។
ថ្ងៃ មួយ លោក នោះ ពិចារណា ថា “សព្វ ថ្ងៃ នេះ គ្មាន ឧបាសក ឧបាសិកា គេ ប្រគេន វត្ថុ អ្វី ឆាន់ សោះ ហើយ ដូច្នេះ គួរ អញ ទិញ វត្ថុ ផ្សេងៗ យក មក ទុក ឆាន់ កុំ ឲ្យ លំបាក” ។ គិត ដូច្នោះ ហើយ ក៏ ប្រាប់ កូន សិស្ស ថា “អា ផ្លូញ ឯង ចាប់ ដំរី មក ហើយ ឯង ទៅ ផ្សារ នឹង អញ រក ទិញ វត្ថុ ផ្សេងៗ យក មក ទុកឆាន់” ។ កូន សិស្ស ទៅ ចាប់ ដំរី បាន មក គ្រូ និង សិស្ស ក៏ ឡើង ជិះ ដំរី ទៅ ផ្សារ ។ លុះ ទៅ ដល់ គ្រូ ប្រាប់ សិស្ស ថា “ឯង ទិញ វត្ថុ អ្វី ដែល ទុក បាន យូរ មិន ខូច” ។ អា ផ្លូញ ជា សិស្ស ក៏ ទិញ អំបិល មួយ ច្រក ការុង ស្រេច ។ គ្រូ ឃើញ សួរ ថា “ហេតុ ដូចម្ដេច ក៏ ឯង ទិញ តែ អំបិស មិន ទិញ ត្រី ឆ្អើរ ត្រី ងៀត ផង ?” ។ កូន សិស្ស ទូ ថា “អមបិល ទុក បាន យូរ មិន ចេះ ខូច បាន ជា ខ្ញុំ ព្រះ ករុណា ទិញ” ។ គ្រូ ឆោត ល្ងង់ ណាស់ ក៏ ស្ងៀម ។
គ្រូ ឡើង បរ ដំរី មក វិញ សិស្ស រែក អំបិល ដើរ ពី ក្រោយ ដល់ ពាក់ កណ្ដាល ផ្លូវ គ្រូ មើល ទៅ សិស្ស ឮ សូរ ដង រែក ដូច ជា ស្រួល ក៏ សួរ ថា “អា ផ្លូញ ! អញ មើល ទៅ ឯង រែក អំបិល ដូច ជា ស្រួល ឬ យ៉ាង ណា ?” ។ សិស្ស ទូល ថា “ព្រះ ករុណា ! ស្រួល ណាស់ ហើយ ស្រាស ផង” ។ លោក គ្រូ ប្រាប់ សិស្ស ថា “ឯង ជិះ ដំរី វិញ អញ រែក អំបិល ដើរ ក្រោយ” ។ លោក គ្រូ ថា ហើយ ចុះ ពី លើ ដំរី មក សិស្ស ក៏ ឡើង ជិះ ដំរី ទៅ ។ លោក គ្រូ ប្រាប់ ថា “ឯង បរ ដំរី ទៅ ចាំ អញ ម្លប់ ឈើ មុខ” ។ សិស្ស បរ ដំរី ទៅ ដល់ ម្លប់ ឈើ ក៏ មិន ឈប់ ចាំ គ្រូ បរ រហូត ដល់ វត្ត ។
លោក គ្រូ រែក អំបិល ដើរ តាម ក្រោយ ដោយ អំបិល នោះ ធ្ងន់ ណាស់ លោក គ្រូ រែក ឈប់ៗ បែរ មើល ទៅ សិស្ស មិន ឃើញ ក៏ គិត ថា “ចាំ ក្រោយ សឹម នាំ សឹម នាំ សិស្ស មក យក” ហើយ យក អំបិល ទៅ លាក់ ក្នុង ព្រៃ មុន នឹង លាក់ លោក គិត ថា “ទី នេះ បើ សិន ជា មាន គេ មក រក ជម្រក ឃើញ គេ នឹង យក អំបិល នេះ អស់ មិន ខាន គួរ តែ រក ទី ណា ដែល កំបាំង ភ្នែក អ្នក ទាំង ពួង គឺ មាន តែ ក្នុង ទឹក ទើប គេ មើល មិន ឃើញ” ហើយ ក៏ យក អំបិល ទាំង ពីរ ការុង ទៅ លាក់ ទុក ក្នុង ទឹក ហើយ ដើរ ទៅ ។ លុះ ដល់ សួរ សិស្ស ថា “ហេតុ ដូចម្ដេច ក៏ ឯង មិន ចាំ អញ ?” ។ សិស្ស ទូល ថា “ខ្ញុំ ព្រះ ករុណា បរ ដំរី មក ប្រុង ចាំ លោក គ្រូ ដែរ តែ ដំរី មិន ព្រម ចាំ សោះ អង្វរ ដូចម្ដេច ក៏ វា មិន ព្រម វា ប្រឹង ដើរ ដល់ វត្ត ទើប ឈប់” ។ សិស្ស សួរ គ្រូ ថា “លោក គ្រូ ទូក អំបិល ឯ ណា ?” ។ គ្រូ ប្រាប់ ថា អញ លាក់ ទុក នៅ ទី ឯ ណោះ អញ កាច់ ដើម ឈូក ដោត ជា សម្គាល់” ។
ព្រឹក ឡើង នាំ កូន សិស្ស ទៅ យក អំបិល វិញ លុះ ដល់ ប្រាប់ សិស្ស ថា “អញ លាក់ ទុក ក្នុង ត្រពាំង នេះ” ។ សិស្ស លាន់ មាត់ ថា “ម៉ែ អើយ ! វា រលាយ អស់ ហើយ!” ។ អា ផ្លូញ ក៏ ចុះ ទៅ យក អំបិល លើក ការុង ទាំង ពីរ ឡើង រលាយ អស់ គ្មាន សល់ ចំណង ដែល ចង មាត់ ការុង ដាច់ អស់ ឃើញ ឯ ត្រី កញ្ចុះ មួយ នៅ ក្នុង ការុង នោះ ។ សិស្ស ទូល លោក គ្រូ ថា “មាន ត្រី កញ្ចុះ មួយ នៅ ក្នុង ការុង វា ស៊ី អំបិល អស់ ទៅ ហើយ” ។ យក ត្រី និង ការុង ប្រគេន គ្រូ មើល ។ លោក គ្រូ ឃើញ ត្រី ខឹង ណាស់ ក៏ ទះ កំផ្លៀង មុត ដៃ នឹង ធ្មង់ ត្រី ជាប់ ។ ពិស ត្រី ចាប់ ពើត ឈឺ ខ្លាំង ពេក លោក គ្រូ ថា “ឯង ចាប់ ត្រី ដក ធ្មង់ វា ឆាប់ ត្បិត អញ ឈឺ ណាស់” ។ សិស្ស ក៏ ចាប់ ដក ទាញ ស្ទើរ តែ មិន រួច ។ លុះ ដក រួច ឈាម ហូរ ជា ខ្លាំង ពិស ត្រី រឹត តែ ឈឺ ខ្លាំង ឡើង លោក គញរូ នាំ កូន សិស្ស ទៅ វត្ត វិញ យក ទាំង ការុង និង ត្រី កញ្ចុះ ទៅ ផង ដល់ ទៅ វត្ត ប្រាប់ សិស្ស ថា “អា ផ្លូញ ឯង ដាំ បាយ មួយ ឆ្នាំង អាំង ត្រី កញ្ចុះ នោះ ឲ្យ ឆ្អិន ជា ឆាប់ អញ នឹង ឆាន់” ។ លុះ ពិស អន់ ចាប់ ពើត លោក គ្រូ ក៏ សម្ងំ សឹង លក់ ទៅ ។
ឯ អា ផ្លូញ ក៏ ដាំ បាយ អាំង ត្រី ឆ្អិន ហើយ បរិភោគ អស់ ទុក តែ បាយ មួយ ពំនូទ និង ឆ្អឹង ត្រី ក្នុង ចាន គ្រប តែ វា គ្រប មិន ឲ្យ ជិត ។ លោក គ្រូ ភ្ញាក់ ឡើង ប្រាប់ សិស្ស ថា “ឯង យក បាយ និង ត្រី មក ឆាន់” អា ផ្លូញ ក៏ ធ្វើ ជា កិរិយា ដូច ជា ទៅ យក បាយ ប្រគេន លោក គ្រូ រួច មក វិញ ទូល ថា “បាយ និង ត្រី រុយ ស៊ី អស់ ហើយ នៅ សល់ តែ មួយ ពំនូត និង ឆ្អឹង ត្រី” លោក គ្រូ ជឿ ឥត សង្ស័យ ដោយ ឆោត ល្ងង់ ក៏ ឲ្យ រំពាត់ ផ្ដៅ មួយ មក សិស្ស ថា “ឯង យក រំពាត់ វាយ រុយ កុំ ឲ្យ វា នៅ លើ កុដិ” អា ផ្លូញ ជា សិស្ស ក៏ វាយ រុយ មិន ឈប់” ។ គ្រា នោះ មាន រុយ ទុំ ច្រមុះ គ្រូ វាយ ទៅៗ មិន ត្រូវ រុយ ត្រូវ ច្រមុះ គ្រូ បែក ឈាម ហូរ ខ្ចាយ ។ សិស្ស ភ័យ ណាស់ រត់ ទៅ ដល់ ផ្ទះ និយាយ ប្រាប់ ឳពុក ម្ដាយ តាម រឿង ។ ឳពុក ម្ដាយ ប្រាប់ កូន ឲ្យ មក វត្ត វិញ កូន ប្រកែក មិន ព្រម មក ។ លោក គ្រូ ទៅ តាម ក៏ វា មិន ហ៊ាន មក ដោយ ខ្លាច គ្រូ វាយ ។
ថ្ងៃ មួយ លោក គ្រូ តាំង ពិធី សូត្រ មន្ត អាគម ស្នេហ៍ បន្ទន់ ចិត្ត សិស្ស ឲ្យ មក ។ អា ផ្លូញ ជា សិស្ស បាន ដឹង ថា គ្រូ តាំង ពិធី សូត្រ មន្ត ដូច្នោះ ក៏ មក វត្ត វិញ ដើម្បី ឲ្យ គ្រូ ជឿ ថា ស្នេហ៍ ពូកែ ។ លុះ ដល់ វត្ត វិញ ដើរ លបៗ ចូល ទៅ ឃើញ គ្រូ កំពុង តែ អង្គុយ សូត្រ មន្ត ក៏ សួរ លោ គ្រូ ថា “លោក គ្រូ ធ្វើ អ្វី ?” ។ គ្រូ កុហក ថា “អញ សូត្រ មន្ត អាគម បំបាំង ខ្លួន ព្រោះ អញ ទើប រៀន ពី គេ” ។ ហើយ លោក គ្រូ គិត ថា “ស្នេហ៍ អញ ពូកែ មែន បាន ជា សិស្ស អញ វា មក” ។ លុះ ព្រឹក ឡើង សិស្ស ដាំ បាយ ធ្វើ ម្ហូប ស្រេច ទូល ថា “ចង្ហាន់ ឆ្អិន ហើយ” ។ លោក គ្រូ ថា “បើ ដូច្នេះ ឯង លើក យក ឲ្យ អញ ឆាន់” ។ អា ផ្លូញ ក៏ លើក មក ប្រគេន ធ្វើ ជា មើល មិន ឃើញ ដាក់ ថាស ទៅ លើ ក្បាល លោក គ្រូៗ ស្រែក ថា “អាផ្លូញ ! ហេតុ ម្ដេច ក៏ យក ថាស មក ដាក់ លើ ក្បាល អញ ?” ។ សិស្ស ទូ ថា “ខ្ញុំ ព្រះ ករុណា មើល មិន ឃើញ” ។ លោក គ្រូ ងាក ចេញ អា ផ្លូញ ក៏ ដាក់ លើ ក្បាល គ្រូ ទៀត ។ លោក គ្រូ ថា “អា ឯង ដាក់ ថាស លើ ក្បាល អញ ទៀត ហើយ” ។ សិស្ស ថា “ខ្ញុំ ព្រះ ករុណា សូម ទោស ព្រោះ មើល មិន ឃើញ” ។ លោក គ្រូ ជឿ ថា ខ្លួន រៀន ស្នេហ៍ៗ ពូកែ ប្រាកដ ឥឡូវ កុហក វា ថា តាំង ពិធី មន្ត អាគម បំបាំង ខ្លួន វិញ ក៏ ទៅ ជា ពូកែ គេ មើល មិន ឃើញ ប្រាកដ មែន គួរ ទន្ទេញ ឲ្យ ចាំ កុំ ឲ្យ ភ្លេច ។
អា ផ្លូញ លុះ ប្រគេន ចង្ហាន់ គ្រូៗ ឆាន់ រួច ហើយ វា លើក មក បរិភោគ ខ្លួន វា ។
ថ្ងៃ ក្រោយ មាន ឧបាសក គេ និមន្ត លោក គ្រូ ទៅ ឆាន់ ឯ ផ្ទះ ។ អា ផ្លូញ ទូល ថា “បើ លោក គ្រូ និមន្ត ទៅ ឆាន់ ផ្ទះ គេ កុំ ស្លៀក ស្បង់ ឲ្យ ចាស់ ខូច ឥត អំពើ ឃ្លុំ តែ ចីពរ បាន ហើយ គេ មើល មិន ឃើញ ទេ ត្បិត លោក គ្រូ ចេះ មន្ត អាគម បំបាំង ខ្លួន ពូកែ ណាស់ អ្នក ណា នឹង មើល ឃើញ គ្រូ ក៏ ជឿ តាម ពាក្យ សិស្ស ។
លុះ ព្រឹក ឡើង លោក គ្រូ ប្រាប់ សិស្ស ថា “ឯង តាម អញ ទៅ ឆាន់ ឯ ផ្ទះ ឧបាសក” រួច លោក ឃ្លុំ តែ ចីពរ មិន ស្លៀក ស្បង់ ដោយ គិត ថា “ឃ្លុំ តែ ចីពរ បាន ហើយ ព្រោះ មន្ត អាគម អញ ពូកែ ណាស់ នរណា នឹង មើល កេរ្តិ៍ ខ្មាស់ ឃើញ” រួច នាំ កូន សិស្ស ទៅ ។
លុះ ទៅ ដល់ ឧបាសក និមន្ត ឡើង លើ ផ្ទះ ហើយ គេ លើក ចង្ហាន់ មក ដើម្បី ប្រគេន លោក ឆាន់ ដោយ លោក មិន បាន ស្លៀក ស្បង់ អង្គុយ មិន ស្រួល ងាក ឆ្វេង ងាក ស្ដាំ ក៏ លេច កេរ្តិ៍ កណ្ដាល វាល ។ ឧបាសក ឃើញ ដូច្នោះ គេ ក៏ នាំ គ្នា សើច ហ៊ោ លាន់ ។ លោក គ្រូ ពុំ ទាន់ ឆាន់ ចង្ហាន់ មាន ចិត្ត ខ្មាស់ គេ ណាស់ ក៏ ចុះ ពី លើ ផ្ទះ ត្រឡប់ ទៅ វត្ត វិញ ជេរ បន្ទោស សិស្ស ថា “អា ឯង មិន ឲ្យ អញ ស្លៀក ស្បង់ ឥឡូវ ខ្មាស់ គេ ណាស់” អា ផ្លូញ ទូល ថា “លោក គ្រូ កុំ ខ្ញាល់ និង ខ្ញុំ ព្រះ ករុណា រឿង នេះ ប្រហែល ជា ខុស ត្រណម ទេ ឬ ?” ។ លោក គ្រូ សួរ ថា “ឯង ឃើញ អញ ខុស ត្រណម ដូចម្ដេច ?” ។ អា ផ្លូញ សួរ ថា “លោក គ្រូ និមន្ត ទៅ ឆាន់ ទៅ តាម ផ្លូវ ណា ?” ។ លោក គ្រូ ប្រាប់ ថា “អញ កាល ទៅ ចេញ ផ្លូវ កើត” ។ សិស្ស ថា “ឪ ! ច្បាស់ ជា លោក គ្រូ ខុស ត្រណម ហើយ” ។ ថ្ងៃ មុន លោក គ្រូ ប្រាប់ ខ្ញុំ ព្រះ ករុណា ថា “បើ រៀន មន្ត អាគម ទាំង ពួង ត្រូវ ឲ្យ តម ស៊ី ផ្លែ ស្ពឺ សូម្បី តែ មុជ ក្រោម ដើម ស្ពឺ ក៏ មិន បាន វា សាប មន្ត អាគម ឥឡូវ លោក គ្រូ មុជ ក្រោម ដើម ស្ពឺ បាន ជា ខុស ត្រណម សាប អាគម អស់ ហេតុ នេះ បាន ជា គេ ឃើញ កេរ្តិ៍ ខ្មាស់ លោក គ្រូ” ។ លោក គ្រូ បាន ស្ដាប់ ដូច្នោះ ហើយ ក៏ ថា “ឪ ! អា ផ្លូញ អញ ភ្លេច តម បាន ជា យ៉ាង ហ្នឹង ឯង ថា នោះ ពិត ប្រាកដ ហើយ” ។ លោក គ្រូ នោះ ដោយ ឆោត ល្ងង់ ក៏ ជឿ ជាក់ ឥត សង្ស័យ ។ តាំង ពី នោះ មក អា ផ្លូញ ជា សិស្ស នៅ បម្រើ គ្រូ ដោយ សុខ សប្បាយ ។
ស្លូតស្លាប់ វៀចវេមានភ័ព្វ អាយុយឺនយូរ

No comments:

Post a Comment

រឿងបឹងទុំលែង

បើយើងធ្វើដំណើរតាមផ្លូវជាតិលេខ៥ ពីភ្នំពេញទៅកាន់ខេត្តបាត់ដំបង ដល់ទៅឃុំគួយជីកដី ក្នុងស្រុកមោងឫស្សី ហើយចុះពីថ្នល់ជាតិតាមផ្លូវខាងជើង​ចេញពីសាលាស្...